C0008T01.jpg

អំពី ពិព័រណ៍

សូរស្ត្រី | Her Sounds គឺជាគម្រោងស្រាវជ្រាវផ្សព្វផ្សាយចម្រុះ និង​ជាពិព័រណ៍​ដែល​រៀប​ចំឡើង ក្នុងគោលបំណងកោតសរសើរដល់ភាពតស៊ូ ការអត់ធ្មត់ និងលាតត្រដាងឥទ្ធិពលរបស់សិល្បការិនីកម្ពុជាទាំងឡាយ តាមរយ:រូបភាព សូរសំឡេង និងរឿងរ៉ាវរបស់ពួកគេ។ រូបភាពដែល​បានរៀប​ចំតាំងបង្ហាញនៅថ្ងៃនេះ គឺជាស្នាដៃសិល្បករ នាក់ សុផល ដោយអមជាមួយ​នឹងខ្សែ​អាត់​សំឡេង​សម្ភាសន៍របស់នរតន្ត្រីវិទូ  អេមីលី ហៅ។  ពិព័រណ៍នេះ នឹងបង្កើតឱ្យមាន​បណ្ដុំឯ​កសារ​មួយ​ដ៏រស់​រវើកទាក់ទងនឹង “ការចែករំលែករបស់សិល្បការិនីកម្ពុជាទៅសង្គមខ្លួន” តាមរយៈការចងក្រងទស្សនៈ ឆ្លុះ បញ្ចាំងពីតថភាពនៃអ្នកថែរក្សាវប្បធម៌ នវានុវត្តជន និងសិល្បករក្នុងសហគមន៍ដែលបាន រីកដុះដាលទូទាំងប្រទេសតមកពីមួយជំនាន់ទៅមួយជំនាន់។ ពិព័រណ៍នេះ នឹង​បង្ហាញ​ពី​សភាពសិល្បៈប្រពៃណី សិល្បៈបុរាណ សិល្បៈប្រជាប្រិយ តន្ត្រីករ និងនាដកាសហសម័យ ដែល​ទាំងនេះសុទ្ធតែជាចង្កៀងបំភ្លឺផ្លូវដ៏មានសារ:សំខាន់ចំពោះសង្គម។  លើសពីនេះទៅទៀត​​ ពិព័រណ៍​នេះ ក៏នាំយកមកបង្ហាញនូវសិល្បៈនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលជាធាតុចាំបាច់​មួយ​ក្នុងសង្គមរួមដូចជា៖ ការរាំ ការស្មូតតាមពីធីផ្សេងៗ និងការបំពេរកូនឱ្យគេងជាដើម។ តាមរយៈ​ពិព័រណ៍​នេះដែរ យើងខ្ញុំមានគោលបំណងបំផុសការជជែកវែកញែកអំពី តម្លៃសិល្បៈ ជីវិតនិង​ក្ដី​ស្រមៃរបស់ស្ត្រីកម្ពុជាតាំងពីអតីតកាលមកដល់បច្ចុប្បន្នកាល និងទៅអនាគតកាល។ 

ជាទូទៅ នៅក្នុងប្រទេសកម្ពុជា ចំណេះដឹងទាក់ទងទៅនិងសិល្បៈទស្សនីយភាព ត្រូវបាន​ផ្ទេរពីមាត់​ទៅត្រចៀត និងពីរាងកាយមួយទៅរាងកាយមួយទៀត។ ស្តាប់រឿងរ៉ាវរបស់សិល្បការិនី​ទាំងនេះរួចហើយ ពួកយើងឭសំឡេងតន្ត្រីបញ្ជូនទៅសិស្សតាមខ្យល់ និងតាមប្រព័ន្ធរលកធាតុ​អាកាសតួយ៉ាងវិទ្យុ។ តាមវិធីនេះ យើងនឹងបានដឹងពីរបៀបដែលគ្រូបង្ហាត់របាំបុរាណ ប្រើម្រាម​ដៃក្តិចសិស្សរាល់ពេលនាងពន់ពេនខុស ដើម្បីឱ្យនាងរាំបានស្អាត និងយើងបានទទួល​ដឹង​ពី​ចក្ខុ​វិស័យថ្មី ស្ដីពីជីវិតស្ត្រីដែលត្រូវឆ្លងកាត់រឿងរាវជាច្រើនដំណាក់កាលដូចជា៖ ការរៀប​អាពាហ៍​ពិពាហ៍ ការមានផ្ទៃពោះ ភាពចាស់ទៅតាមវ័យ ការវិវឌ្ឍទៅនៃសំឡេង និងភាពប្រែប្រួល​ក្នុង​សិល្បៈ​របស់ពួកគេ។

ម្យ៉ាងវិញទៀត យើងក៏ជ្រួតជ្រាបពីចំណេះដឹងសិល្ប:ដ៏មានតម្លៃ ដែលមានកប់នៅក្នុងខ្លួន តែបែរត្រូវមនុស្សមាក់ងាយ និងបង្កជាក្ដីកង្វល់ដល់ស្ត្រីទៅវិញដ្បិតពួកគេតែងឡើងសម្ដែងលើឆាក។  គេតែងនិយាយខ្សឹបខ្សៀវ​ដោយសន្មតថា សិល្បការិនីខ្មែរ តែងតែបណ្ដោយខ្លួន ឬលក់កាយ ហើយអាចនឹងឈាន​ទៅដល់អំពើ​ហិង្សា​ផង​ក៏មាន។ រូបភាពនាៗរបស់ សុផល ដែលបានរៀបចំតាំងនៅទីនេះ ហាក់ឆ្លុះ​បញ្ចាំង​ពីភាព​ផ្ទុយ​គ្នានៃជីវិត ដែលកើតឡើងទៅលើសិល្បការិនី ដែលមានដូចជា៖ ភាពឈឺចាប់ និងអំណរ​ដែល​កើត​ឡើងដំណាលគ្នាពេលដែលពួកគេបានរៀនសិល្បៈដំបូង ភាពមិនច្បាស់លាស់នៃការងារ និងការ​ដែល​ចង់បានសេរីភាពដោយមានអាជីពនឹងនក្នុងវិស័យសិល្បៈ។ រូបថតទាំងនេះ ក៏បានបង្ហាញ ពីរបៀបដែលមនុស្សជំនាន់មុនមានកាយវិការបែបណា ដែលអាចបន្តពីមួយជំនាន់ទៅមួយជំនាន់ និងឆ្លុះឱ្យឃើញរាងកាយពត់ពែន ដែលបង្ហាពីការផ្លាស់ប្តូរ មិនថាតាមរយៈវដ្តធម្មជាតិ ឬ​ដំណាក់​កាលនៃការច្នៃប្រតិដ្ឋប្រកបដោយនវានុវត្តសិល្បៈនោះឡើយ។

រូបថតសិល្បការិនីពណ៌សខ្មៅដែលផ្តិតនៅលើស្ទីកឃ័រ បង្ហាញពីសញ្ញានៃភាពចាស់ និងការ​ខូចខាត​ពេលដែលពិព័រណ៍បន្ត។ មិនខុសអីពីរាងកាយរបស់សិល្បករ ដែល​នៅទីបញ្ចប់​គង់​តែ​រលត់ទៅ ។ ប៉ុន្តែជំនួសមកវិញនូវរូបថតពិពណ៌ដាក់ក្នុងស៊ុមដែលតាំងបង្ហាញនៅទីនេះរហូត។ ហើយ​នេះគឺតំណាងឱ្យភាពអមត:នៃចំណេះដឹង និងជំនាញរបស់សិល្បការិនី ដែលអាច​ធ្វើ​ឱ្យ​មានការចងចាំ និងនឹករឭក ទាំងសំឡេង និងកាយវិការ ដែលនឹងអាច​បន្តទៅឱ្យ​ក្មេង​ជំនាន់​ក្រោយៗ​ទៀត។

នៅក្នុងបន្ទប់ពិព័រណ៍នេះ រូបថតត្រូវបានរៀបចំដាក់តាំង ដោយចាប់ផ្តើមពីសិល្បករដែលមានវ័យចំណាស់ទៅដល់វ័យក្មេង ស្របតាមទ្រនិចនាឡិកា។ យើងខ្ញុំសូមឱ្យលោកអ្នកស្តាប់ ឧប្បករណ៍ចាក់សំឡេងអេឡិចត្រូនិក ដែលមានសំឡេងអាត់របស់សិល្បការិនី ដែលអាចជាមគ្គុទេសនាំផ្លូវលោកអ្នកប្រទក្សិណជុំវិចិត្រសាលពិព័រណ៍នេះ។  ធ្វើដូចនេះ គឺស្រដៀងគ្នាទៅនឹងទិដ្ឋភាពពិធីបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនាដែរ។ តាមបែបព្រះពុទ្ធសាសនា “វាលវដ្តសង្សារ” ដែលប្រៀបដូចរង្វង់នេះមានន័យថា៖ កើត ចាស់ ឈឺ ស្លាប់ ហើយនិងការចាប់បដិសន្ធិឡើងវិញ។

គោលបំណងចំបងរបស់ពួកយើង គឺចង់លើកទឹកចិត្តឲ្យមានការឆ្លុះបញ្ចាំងលើការបន្តវេននិងការផ្លាស់ប្តូរ ការបន្តវេននិងការប្រែប្រួល និងការចរចារអំពី អតិតកាល បច្ចុប្បន្នកាល និងអនាគតកាលនៃជីវិតរបស់ស្ត្រី ជាមួយគ្នានិងសិល្ប:ឆ្លងពីមួយជំនាន់ទៅមួយជំនាន់។

បើគិតដោយឡែក រឿងរ៉ាវរបស់សិល្បការនីនីមួយៗតំណាងឲ្យភាពជោគជ័យផ្សេងៗនិងទស្សន:សកល។ បើគិតជារួម ពួកគាត់បានរួមគ្នាជាធ្លុងមួយដើម្បីបង្ហាញពីប្រវត្តិនៃការចូលរួមចំណែករបស់ស្ត្រីចំពោះវិស័យសិល្បៈនិង វប្បធម៍នៃជីវិតនៅក្នុងប្រទេសកម្ពុជានាសម័យនេះ។

ដោយសារការរៀបចំនៅមានកម្រិត និងមិនទាន់រួចរាល់នៅឡើយ ដូច្នេះមុននឹងអ្នកចាកចេញពីកន្លែងពិព័រណ៍នេះ យើងសូមអញ្ជើញលោកអ្នកចូលរួមចែករំលែកចម្រៀងផ្ទាល់ខ្លួន ក្បាច់រាំ ឬជាសាច់រឿងអ្វីមួយក៏បាន។ សូមចូលទៅកណ្តាលបន្ទប់ធំ ហើយស្រាវជ្រាវបន្ថែមទាក់ទងពិព័រណ៍នេះនៅក្នុងគេហទំព័រយូធូប  និងចូលរួមឆ្លើយសំណួរដែលពួកយើងសួរលោកអ្នក។ សូមថតខ្លួនឯង នៅពេលលោកអ្នកបានឆ្លើយសំណួរនៅក្នុងថេប្លេតរបស់ពិព័រណ៍នេះ។

ដូច្នេះ នៅពេលដែលលោកអ្នកមកមើលពិព័រណ៍លើកក្រោយ រឿងរ៉ាវ ឬព័ត៌មានរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងយូធូបដែរ។

មិនថាយើងជាអ្នកណា ជាជនជាតិអ្វី មកពីណានោះទេ ការចូលរួមជាពាក្យសម្តី ចម្រៀង និងសាច់រឿង សុទ្ធតែបញ្ជាក់ពីដំណើរការប្រព្រិត្តនៃជីវិត និងយល់ពិភពលោកជាមួយគ្នា។ សូមចូលរួមជាមួយយើងដើម្បីអបអរពិព័រណ៍នេះ!